ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ប្រធានាធិបតីចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ

(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។

សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។

បើតាមក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកត្តិការណ៍ដ៏សំខាន់នេះ នឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងឡើង ដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ ។

ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀត ដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner