សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ ប្រធានាធិបតីចិន មុនជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំ បានជួបគ្នាជាថ្មី នៅវិមានសន្តិភាព ។ ជំនួបនេះ ធ្វើឡើងជាកិច្ចស្វាគមន៍ នៃដំណើរទស្សនកិច្ចជាថ្មីរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍ ព្រមទាំងជជែករកនូវគន្លឹះថ្មីៗ ដើម្បីជាចំណែកជំរុញ ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឱ្យរឹតតែរឹងមាំ និងខ្លាំងក្លាថែមទៀត ។

ក្នុងឱកាសអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព នៅវេលាម៉ោង ១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា កម្ពុជា គឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូត ជិតខាងរបស់ប្រទេសចិន។ ចិន នឹងបន្តផ្តល់ការគាំទ្រ ដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា ៕
ដោយ ៖ វណ្ណលុក
