ទិដ្ឋភាពអ្នកនៅ Gaza នាំកូនរត់គេចពីគ្រាប់
បរទេស ៖ ទិដ្ឋភាពប្រជាជនប៉ាឡេស្ទីនរត់គេចខ្លួន ខណៈការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល កើតមាន នៅកណ្តាលតំបន់ហ្គាហ្សា កាលពីពេលថ្មីៗនេះ។

ប្រជាជនប៉ាឡេស្ទីន បានរត់ភៀសខ្លួន បន្ទាប់ពីការព្រមាន ពីសំណាក់កងទ័ពអ៊ីស្រាអែល មុនពេលដែលមានការវាយប្រហារតាមអាកាស នៅភាគខាងលិចក្រុង Al-Zawayda ប៉ែកកណ្តាល នៃតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលបានផ្តល់បទឈប់បាញ់ រយៈពេល ៤៥ ថ្ងៃ ប្រសិនបើខ្លួនដោះលែងពាក់កណ្តាល នៃចំណាប់ខ្មាំង ដែលនៅសេសសល់ នៅក្នុងហ្គាហ្សា។
គួរបញ្ជាក់ថា មានចំណាប់ខ្មាំង ២៥១ នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារ ដែលមិនធ្លាប់មាន ក្នុងខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស់ ដែលបានបង្កើតឱ្យមានសង្រ្គាម មកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះ មានចំណាប់ខ្មាំង៥៨នាក់ទៀត នៅតែត្រូវបានឃុំខ្លួន នៅហ្គាហ្សា ខណៈដែលទាហានអ៊ីស្រាអែលថា ក្នុងចំណោមនេះ មាន៣៤នាក់ បានស្លាប់។
អង្គការសហប្រជាជាតិបាននិយាយថា ឥឡូវនេះ កំពុងស្ថិតក្នុងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់តំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
