ប្រយោគបុរាណចិន ត្រូវបានសម្ពោធការចាក់ផ្សាយ ស្របពេល ឯកឧត្តម ស៊ី ជីនពីង ទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីចិនផ្តើមទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជាភ្លាម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា- ចិន រួមគ្នាសម្ពោធការចាក់ផ្សាយ ជាផ្លូវការនូវប្រយោគបុរាណចិនដើម្បីជាទុនផ្នត់គំនិតនៃប្រជាជនទាំង២។
ភ្នំពេញ៖ «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ត្រូវបានសម្ពោធការចាក់ផ្សាយនៅកម្ពុជាស្របពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីនពីង មកកាន់កម្ពុជា។ គំនិតនេះ បានលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែង លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ។ នេះជាការលើកឡើងស្រដៀងគ្នាពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហាក់ ចាត់ទុក ប្រយោគចិនបុរាណនេះ គឺជាការផ្សព្វផ្សាយរបស់វប្បធម៌បុរាណចិនដែលមានអត្ថន័យជ្រាលជ្រៅ និងបានឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី ការអប់រំផ្នត់គំនិតដល់ប្រជាជនកម្ពុជា-ចិន ប្រាកដជាមានការគាំទ្រពីមហាជន និងសកលលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ។
លោកជំទាវ ភឿង សកុណា សង្កត់ធ្ងន់ថា «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» គឺជាភស្តុតាងបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ នៃវប្បធម៌ អរិយធម៌ ខ្មែរ-ចិន មិនតែប៉ុណ្ណោះវាក៏ជាការពង្រឹងទំនាក់ទំនង និងផ្នែកគំនិត និងទស្សនៈល្អបែបបុរាណ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បញ្ជាក់ថា កម្ពុជា-ចិន បានលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយរវាងគ្នា ហើយកត់ត្រានូវការអនុវត្តជាក់ស្តែង ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ពិសេសច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ។ មិនតែប៉ុណ្ណោះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមិត្តចាស់របស់កម្ពុជា ដែលកន្លងមក ប្រទេសកម្ពុជា និងចិន បានរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផលិតកម្មវិធី ការផ្លាស់ប្តូរមន្ត្រី និងគំនិតច្នៃប្រឌិតថ្មីៗ ពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្រសួងព័ត៌មានរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ហើយបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយរវាងគ្នា ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន។
សូមរំឮកថា ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា មានការចូលរួមពីសំណាក់លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕






