ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត២៤លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបីថ្ងៃ
ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ដែលទើបបញ្ចប់ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត២៤លាននាក់គឺកើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។

ក្នុងចំនួនទេសចរ និងប្រជាពលរដ្ឋប្រមាណ២៣.៩៧៧.៤៤១ នាក់ ដែលធ្វើដំណើរកម្សាន្តទូទាំងប្រទេស ក្នុងនេះភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និង ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ។នៅថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។

ដោយឡែកក្នុងរយៈពេល៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់,ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់និងខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។

សូមជម្រាបថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេសនិងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

ដូចជារាជធានីភ្នំពេញ មានការរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ
,ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាមមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តោន ប្រវែងមួយពាន់ម៉ែត្រ,ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
ជាការកត់សម្គាល់សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនេះដែរប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការីនី សូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត៕
ដោយ៖មុនី
