កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សា ការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធា រណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យ នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយ ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច , ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ជាការឆ្លើយតប, ឯកឧត្តម ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះ​ការ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវ​សេចក្តី​សោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ច​ម្តងទៀតនៅកម្ពុជា។

ឯកឧត្តមប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំង​កោត​សរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្ត​រក្សាបាននូវ​សុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើក​ឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការគ្រប់វិស័យ​ជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជា​យ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវ​ចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី និងឯកឧត្តម ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ។

ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះរួមមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner