ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប Storm Shadow ប្តេជ្ញាបង្កើនផលិតកម្មទ្វេដង

ប៊ែរឡាំង ៖ ក្រុមហ៊ុនការពារជាតិអឺរ៉ុប ហៅកាត់ MBDA ដែលផលិតមីស៊ីលបញ្ជាទិស Storm Shadow មានគោលបំណងបង្កើនផលិតកម្មទ្វេដង បើធៀបនឹងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ MBDA លោក Eric Beranger ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT)។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត TASS លោក Beranger បាននិយាយយ៉ាងដូច្នេះថា ក្រុមហ៊ុន MBDA បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធា ជាពិសេសនៅបារាំង ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលបាញ់ពីដីទៅលើអាកាស Aster។

ជាមួយគ្នានេះ ពេលវេលាផលិតមីស៊ីល Aster នឹងត្រូវកាត់បន្ថយពីជាង ៣ឆ្នាំ មកត្រឹម ២ឆ្នាំវិញ ហើយ MBDA ក៏កំពុងពិចារណាលើជម្រើសពង្រីកការគ្រប់គ្រងលើសមាសធាតុសំខាន់ៗ រួមទាំងការជ្រើសរើសអ្នកម៉ៅការបន្ថែម និង ធានាការរួមបញ្ចូលគ្នា ដើម្បីបង្កើនល្បឿនផលិតកម្ម។

យ៉ាងណា ផែនការនេះបានប្រឈមមុខនឹងការជំទាស់ពីប្រទេសបារាំង អង់គ្លេស និងអ៊ីតាលី ដែលព្រួយបារម្ភថា ការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មផលិតកម្ម អាចធ្វើឲ្យឥទ្ធិពលជាតិចុះខ្សោយនៅក្នុងការប្រតិបត្តិការរវាងប្រទេសជាច្រើន។

MBDA គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ក្រុមហ៊ុន BAE Systems របស់អង់គ្លេស និងក្រុមហ៊ុន Leonardo របស់ប្រទេសអ៊ីតាលី។ មីស៊ីល Storm Shadow ដែលក្រុមហ៊ុននេះផលិត ភាគច្រើនផ្គត់ផ្គង់ជាចម្បងដល់អ៊ុយក្រែនច្បាំងនឹងរុស្ស៊ី៕

ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner