កម្ពុជា ចិន ឯកភាព ពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ

(ភ្នំពេញ)៖ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែ លម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។

ភាគីចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។

ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយប្តេជ្ញាពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការ ថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ។

កម្ពុជា បានវាយតម្លៃ ខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ចិន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឧបករណ៍បោស សម្អាតមីន ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាមិនទទួលរងផលប៉ះពាល់ពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។

ភាគីទាំងពីរ បានឯកភាពលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ផ្នែកឱសថបុរាណ ការគ្រប់គ្រងវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ ការគ្រប់គ្រងជំងឺ និងវិស័យសុខាភិបាលផ្សេងៗ រួមទាំងការគាំទ្រផ្នែកសង្គ្រោះបន្ទាន់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner