កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក
(ភ្នំពេញ)៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ដើម្បីរួមគ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ភាគីកម្ពុជា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងបានកោតសរសើរចំពោះការប្តេជ្ញារបស់ចិន ក្នុងការអនុវត្តតំបន់បើកចំហ លើកកម្ពស់មជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ការកសាងសហគមន៍វាសនារួមអាស៊ាន-ចិន និងសហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង ។
ភាគីទាំងពីរ បានអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដែលមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ។ ចំនួនឯកសារនេះមិនរាប់បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រ ថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែក ។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបីនឹងត្រូវចេញផ្សាយនៅចុងបញ្ចប់ នៃទស្សនកិច្ច ៕
ដោយ ៖ វណ្ណលុក







