ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយផ្លែផ្កា
ភ្នំពេញ៖ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កា។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូច
គ្នានេះនៅ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។
ខណៈផ្តើមទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥត ងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយ ស្ថានភាពជាតិរបស់កម្ពុជា។
ឯកឧត្តមប្រធានាធិបតីចិនបានបន្ថែមថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាឯកឧត្តម XI Jinping នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន អញ្ជើញជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបាន អញ្ជើញជាអធិបតីពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ចំនួន ៣៧ រវាងកម្ពុជា និងចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនចំនួនបួនទំព័របានបង្ហាញពីលទ្ធផលដ៏ត្រចះត្រចង់ ។ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ក្នុងបរិការណ៍នេះភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង
ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”៕










ដោយ៖វណ្ណលុក