គ.ជ.ប គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ តាមការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីមានជាង ២២ម៉ឺននាក់
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ នៅក្នុងខែឧសភាខាងមុខនេះ គ្រាដែលការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់ ស្របគ្នានឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងស្នាមម្រាមដៃ សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥ មានចំនួន ២២០.៥៥៣នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៥.៩០៤នាក់។ ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥នេះតទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានបន្ថែមចំណុចសំខាន់ថ្មីមួយ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និងស្នាមម្រាមដៃ ក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ដោយធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ មានចំនួនជាង៩លាន៩៩ម៉ឺននាក់ ក្នុងនោះស្រ្តីមានចំនួនជាង៥លាន៣០ម៉ឺននាក់។ នៅមុនបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ តាមមធ្យោបាយ៖ បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥, ផ្សព្វផ្សាយនៅលើអាសយដ្ឋានវេប គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានជាង៦លាន៣២ម៉ឺននាក់ ស្មើនឹង ៦៣,៣៣ភាគរយ នៃចំនួនលិខិតអញ្ជើញ ដែល គ.ជ.ប បានបោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខណៈការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត ចាប់អនុវត្តន៍ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា៕




ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា