Nvidia ប្រឈមបាត់លុយជាង៥ពាន់លានដុល្លារ ព្រោះសង្គ្រាមពន្ធ
បរទេស ៖ លោក Jensen Huang នាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានហោះទៅដល់ទីក្រុងប៉េកាំង ថ្មីៗនេះ ក្រោយពេលដឹងថា ក្រុមហ៊ុនប្រឈមបាត់លុយ ជាង៥ពាន់លានដុល្លាអាមេរិក ព្រោះសង្គ្រាមពន្ធ។
ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយថា ការបំពេញបេសកកម្មបន្ទាន់ទៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានទប់ស្កាត់ការលក់បន្ទះឈីប ឆ្លាតវៃ សិប្បនិម្មិត H20 របស់ខ្លួន ទៅឱ្យប្រទេសចិន។ Nvidia ថា ខ្លួនអាចនឹងបាត់ចំណូល ៥.៥ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសនេះ ដោយសារតែបញ្ហានេះ។
ជាមួយគ្នានេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះប្រហែល ៧ ភាគរយ កាលពីថ្ងៃពុធ ពោលគឺបន្ទាប់ពីចិនបានបង្កើនពន្ធលើទំនិញអាមេរិក ១២៥ភាគរយ សងសឹកនឹងលោក Trump ដែលតំឡើងពន្ធលើចិន បន្តបន្ទាប់ ហើយចុងក្រោយនេះ គឺបានឈានដល់ ២៤៥ភាគរយ គិតត្រឹមថ្ងៃព្រហស្បតិ៍។
ពេលទៅដល់ទីក្រុងប៉េកាំងភ្លាម លោក Huang បានជួបជាមួយលោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិន ពិភាក្សា អំពីការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ដោយប្រាប់ថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់ សម្រាប់ Nvidia ។ លោកបង្ហាញក្តីសង្ឃឹម សម្រាប់បន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។
សហគ្រិន មានដើមកំណើត នៅតៃវ៉ាន់រូបនេះ ធ្លាប់បាននិយាយ ជាសាធារណៈថា Nvidia នឹងធ្វើឱ្យមានតុល្យភាព រវាងការអនុលោមតាមច្បាប់ និងភាពជឿនលឿនខាងបច្ចេកវិទ្យា ក្រោមការដឹកនាំ របស់ប្រធានាធិបតីអាមេរិក Donald Trump។
គួរបញ្ជាក់ថា ក្រុមហ៊ុន Nvidia រកចំណូលបាន ១៧ពាន់លានដុល្លារអាមេរិក ពីការលក់ នៅក្នុងប្រទេសចិន កាលពីឆ្នាំ២០២៤ ពោលគឺស្មើនឹង ១៣ ភាគរយ នៃការលក់សរុបរបស់ខ្លួន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត