ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក្រើនរំលឹកកងទ័ពទាំងអស់ ឱ្យពង្រឹងលើការងារការពារព្រំដែនកម្ពុជា-ថៃ-ឡាវ

(ខេត្តព្រះវិហារ)៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នោះ ក៏មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹក​រងព្រះវិហារ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការវរសេនា​តូច​ទាំង២ កងអនុសេនាធំ មេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៧ នាយការិយាល័យ នាយផ្នែក ដែលជាអង្គភាពចំណុះ ទីបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។

នាឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់នាយទា​ហាន នាយទាហានរង និងពលទាហានទាំងអស់ ឱ្យបង្កើនការយក​ចិត្ត​ទុកដាក់បំពេញតួនាទី ភារកិច្ចឱ្យបានល្អបន្ដទៀត ជាពិសេស​តាមបណ្ដាអង្គភាពព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវយកចិត្ត​ទុកដាក់យាមល្បាតឱ្យបានជាប់ជាប្រចាំ ត្រូវរួមគ្នាឈរលើស្មារតី​ស្មោះត្រង់ ដាច់ខាតការពារបូរណភាពទឹកដី និងត្រូវបង្កើនលើការងារ​ទំនាក់ទំនង ជាមួយកងកម្លាំងប្រទេសជិតខាងឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញឱ្យបន្តទប់ស្កាត់​បទល្មើសនានា ជាពិសេសត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស​គ្រឿងញៀនឆ្លងដែនខុសច្បាប់ ឱ្យបានខ្លាំងក្លាបំផុត ក្រៅពីនោះ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធ​វិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារ​បំផុសចលនាប្រឡងប្រណាំងនៅតាមបណ្តាអង្គភាព ត្រូវពង្រឹង​សាមគ្គីភាពផ្ទៃក្នុង និងហាមមិនឱ្យមានការប្រើប្រាសគ្រឿងញៀន នៅក្នុងអង្គភាពជាដាច់ខាត៕

ដោយ ៖ ឡុង សំបូរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner