សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធិផលនានា តម្លៃជាង ៧ម៉ឺនដុល្លារ នៅក្នុងស្នាក់ការគណបក្សឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី និងសមិទ្ធិផលនានាក្នុងគណបក្សឃុំថ្មី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំថ្មី ដែលអាចកើតឡើងបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋានត្រូវ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឲ្យបានស្ថិតស្ថេរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខមន្ត្រីល្អ បន្តវេន គុណធម៌ និងចរិយាធម៌មិនត្រូវបំពាន ផលប្រយោជន៌អ្នកដទៃដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កឹង ឃន ឯកឧត្តម ឃន តារាសម្បត្តិ លោក ស្រេង ហួត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី និងក្រុមការងារ បានរួមគ្នា កសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី មានទំហំ១០ម៉ែត្រ×១២ម៉ែត្រ និងសមិទ្ធិផលនានា រួមមាន សាងសង់ខ្លោងទ្វារ របង ចាក់ដី ចាក់សាបបេតុងនៅក្នុងទីធ្លាបរិវេណស្នាក់ការគណបក្ស តសំយ៉ាបរោងសម្រាប់ប្រជុំបណ្តោយប្រវែង ១៥.៦០ម៉ែត្រ ទទឹងប្រវែង ១៥.២០ម៉ែត្រ ធ្វើបន្ទប់អនាម័យ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner