ឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាល និង ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកចំនួន ៩០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សែម សំណាង អគ្គនាយកសមាគម និងវិទ្យុ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្តោសប្រោសប្រណី សម្តេចពុក និងសម្តេចម៉ែ ដែលតែងតែជួយឧបត្ថម្ភដល់សមាគមណ៍ជារៀងរាល់ខែ។ លើសពីនោះថែមទៀត សម្ដេចតែងយកចិត្តទុកដាក់ និងផ្តល់ជូនអាហាររូបករណ៍មួយរយភាគរយ តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មកដល់បុគ្គលិក សមាគម វិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកជាប្រចាំ។ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់បានជួយឧបត្ថម្ភរៀងរាល់ ១ឆ្នាំម្តងមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយឯកឧត្តម បានឧបត្ថម្ភជាទឹកប្រាក់ អង្ករ និងគ្រឿងឧបភោគបរិភោគផងដែរ ។

ក្រោមបរិយាកាសជួបជុំដ៏វិសេសវិសាលនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សែម សំណាង និងលោក ហឿន ស៊ីណា ដែលជាអគ្គនាយក និងស្ថាបនិកសមាគមដែលបានខិតខំកសាងសមាគមឱ្យក្លាយជាមជ្ឈមណ្ឌលឱកាសសម្រាប់បងប្អូនមានពិការភាព និងបានបន្តរីកលូតលាស់គួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ស.ស.យ.ក នៅបន្តតាមដានជាប់ជាប្រចាំ និងព្យាយាមដោះស្រាយសំណូមពរ និងតម្រូវការឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ឯកឧត្តមក៏បានជូនពរបងប្អូនសមាជិក សមាជិកា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការ សូមបានទទួលនូវពរជ័យ សិរីសួស្តីពីទេវតាឆ្នាំថ្មី និងសូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ / គ្រី សម្បត្តិ


