ប្រាសាទបឹងមាលា ជាតំបន់ ទេសចរណ៍ ដែលគេមិនអាចមើលរំលង ក្នុងចំណោមប្រាសាទដទៃទៀតក្នុងទឹកដីខេត្តសៀមរាប
(សៀមរាប)៖ ប្រាសាទបឹងមាលា ឬបេងមាលា ជាប្រាសាទដូនតាបុព្វបុរសខ្មែរ ជាទីតាំងសម្រាប់តំបន់ទេសចរណ៍ដែលគេមិនអាចរំលងបាន។ជាមួយគ្នាវាក៏ជាទីតាំងកម្សាន្តមួយកន្លែងទៀតរបស់ខេត្តសៀមរាបដែលជាទីទាក់ទាញនៃចំណោមប្រសាទនានានៃទឹកដីខេត្តអច្ឆរិយៈរបស់កម្ពុជាមួយនេះផងដែរ។
ប្រាសាទនេះមានទីតាំងប្រមាណជាង៦០គីឡូម៉ែត្រនៃភាគឦសាននៃទីក្រុងសៀមរាប។ ស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេង មាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមសិល្បៈ និង ស្ថាបត្យកម្មនៃសំណង់ប្រាសាទនេះ អ្នកស្រាវជ្រាវបាន កំណត់ថាសាងនៅសម័យ ដំណាលគ្នានៃប្រាសាទអង្គរវត្ត ពោលគឺនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២។
អ្នកទេសចរដែលធ្វើដំណើរទៅកាន់ប្រាសាទបឹងមាលា ទោះ ចំណាយពេលប្រមាណមួយម៉ោងក្តី ប៉ុន្តែនៅពេលទៅដល់មិនខកបំណងឡើយ។នៅពេលឈានដល់ខាងមុខ គេនឹងបានទស្សនានូវសម្រស់ប្រាសាទ(បើទោះបីបាក់បែកបាក់ខ្លាំងក្តី) និងអមដោយដើមឈើបែបបុរាណផ្តល់នូវម្លប់ត្រជាក់ត្រឈឹងត្រឈៃ គួរជាទីរីករាយ។
លោក មាស ប៉យ មន្រ្តីអាជ្ញាធរជាតិអប្សរា ដែលយាមប្រចាំការនៅខាងមុខប្រាសាទបឹងមាលាបានប្រាប់ឱ្យដឹងថា៖ប្រាសាទនេះទោះនៅឆ្ងាយពីគេ បន្តិចតែក៏មានអ្នកទេសចរចូលកម្សាន្តឥតដែលដាច់ឡើយ។ពិសេសថ្ងៃបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំថ្មី និង បុណ្យភ្ជុំបិណ្ឌតែម្តង។
លោកថាក្នុងការយាមប្រចាំនៅប្រាសាទបុរាណដូនតាខ្មែរមួយនេះ អស់រយៈពេល២៥ ឆ្នាំមកហើយ ឃើញថាពលរដ្ឋកម្ពុជា និងបរទេសតែងចូលលេងកម្សាន្តច្រើនធ្វើឱ្យប្រាសាទនេះជារឿយៗតែងកុះករទៅដោយអ្នកទេសចរ និងជាប្រាសាទមួយស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេស្ទើរគ្រប់ៗគ្នា។
អ្នកស្រី អុន ចន្ធី មន្រ្តីអាជ្ញាធរជាតិអប្សរាមួយរូបទៀតបានប្រាប់ថាពលរដ្ឋកម្ពុជាច្រើនចូលកម្សាន្តប្រាសាទនេះសម្រាប់ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទាន។សម្រាប់ថ្ងៃផ្សេងទៀតច្រើនជនជាតិបរទេស។ពួកគេក្រៅពីមកកម្សាន្ត ហើយក៏តែងបន់ស្រន់សុំសេចក្តីសុខសប្បាយពីទីកន្លែងនេះថែមទៀត។
មន្រ្តីអ្នកយាមផ្នែកខាងក្នុងក្បែរប្រាសាទមួយនេះបានប្រាប់ឱ្យដឹងដែរថា អ្នកស្រីតែងឃើញជនជាតិអឺរ៉ុប ចិន កូរ៉េ វៀតណាម…តែងចូលមកកម្សាន្តប្រាសាទនេះឥតដែលខកខានថ្ងៃណាឡើយ។
យុវជន ថៃហុង អ្នកទេសចរមកពីរាជធានីភ្នំពេញដែលមកកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំកន្លងមកបានប្រាប់ថាប្រាសាទបុរាណខ្មែរមួយនេះពិតជាអស្ចារ្យ ហើយក៏ជាប្រាសាទមួយគេមិនគួរមើលរំលងក្នុងចំណោមប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាបឡើយ។ប្រាសាទនេះទោះបាក់បែកខ្លាំងបន្តិចក្តី តែក៏មានទេសភាពដើមឈើអមជាមួយមានភាពស្រស់ស្អាតគ្មានគូប្រៀបទេ។
គួរបញ្ជាក់ថា ប្រាសាទបឹងមាលាស្ថិតនៅលើផៃ្ទដីទំហំ ១៤ហិកតា ដែលត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តដែរ។
ជាងនេះទៅទៀតអ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខកខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឱ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងដែរ។ កសិណឬគូទឹកដែលព័ទ្ធជុំវិញប្រាសាទបេងមាលា មានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹង៩០០ម៉ែត្រ ទន្ទឹមនឹងនោះកសិណទឹកនីមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា៕
ដោយ ៖ ម៉ាដេប៉ូ
