ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត ព្រមទាំងជាការចងចាំមិនអាចបំភ្លេចបាន នូវអ្វីដែលប្រជាជាតិរបស់យើង បានឆ្លងកាត់មកដល់ពេលសព្វថ្ងៃនេះ។ ការរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង។ “សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអ្នកស្រុកក្រូចឆ្មារ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក នាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលទាំងឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែងពីសប្បុរសជនជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នា ក៏គួរចងចាំថា កត្តា ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នា អាចមានឱកាសចូលរួមជួយសាងសង់សមិទ្ធផលទាំងអស់នេះបាន គឺដោយយើងទាំងអស់គ្នារស់នៅក្រោមដំបូលនៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន។
សូមជម្រាបថា សមិទ្ធផលត្រូវឆ្លង និងសម្ពោធនាពេលនេះ រួមមាន៖ ដំបូលព្រះវិហារ, ឧបដ្ឋានសាលា, កុដិថ្មី, កញ្ចុះ, ផ្លូវបេតុង, ចេតិយ៍ព្រះសព, បន្ទប់ទឹក និងទីចាត់ការ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ




