លោក ពូទីន ប្រកាស “បទឈប់បាញ់បុណ្យ Easter”
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ បានប្រកាស “បទឈប់បាញ់បុណ្យ Easter” ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថា ការប្រយុទ្ធនឹងផ្អាករហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
បុណ្យ Easter ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់សម្រាប់គ្រីស្ទបរិស័ទ។ លោក ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា ខ្ញុំបញ្ជាក្នុងកំលុងពេលនេះឱ្យបញ្ឈប់សកម្មភាពយោធាទាំងអស់ ហើយបទឈប់បាញ់នេះ គឺ “ផ្អែកលើហេតុផលមនុស្សធម៌”។
ទោះបីជាយ៉ាងណា លោក ពូទីន ក៏បានស្នើឲ្យកងទ័ពរុស្ស៊ីត្រៀមខ្លួន ដើម្បីទប់ទល់នឹងការបំពានបទឈប់បាញ់ និង ការបង្កហេតុដោយកងកម្លាំងអ៊ុយក្រែន។ តួយ៉ាង មេទ័ពរុស្ស៊ីបានប្រាប់លោកថា អ៊ុយក្រែនច្រើនជាង ១០០ដង បានរំលោភលើបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពល។
គួរកត់សម្គាល់ថា ការប៉ុនប៉ងពីមុនៗសម្រាប់បទឈប់បាញ់ថ្ងៃបុណ្យ Easter ក្នុងខែមេសា ឆ្នាំ ២០២២ និងបុណ្យគ្រិស្តអូស្សូដក់ ក្នុងខែមករា ឆ្នាំ ២០២៣ មិនត្រូវបានភាគីទាំងពីរអនុវត្តទេ បន្ទាប់ពីកងកម្លាំងរុស្ស៊ី-អ៊ុយក្រែនមិនបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
