ក្រុមហ៊ូទីបាញ់ទម្លាក់ដ្រូនអាមេរិកតម្លៃ ៣០ លានដុល្លារមួយគ្រឿងទៀត
សាណាអា ៖ ក្រុមហ៊ូទីយេម៉ែន នៅថ្ងៃសៅរ៍ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ-9 មានតម្លៃជាង ៣០ លានដុល្លារមួយគ្រឿងទៀតនៅខេត្តសាណាអា ក្នុងពេល ២៤ម៉ោងមកនេះ។
អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហោះដ្រូនអាមេរិក MQ-9 ត្រូវបានបាញ់ទម្លាក់ ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាស ដែលផលិតក្នុងស្រុកនៅយេម៉ែន។
លោក Sarea បានបញ្ជាក់ថា នេះគឺជាយន្តហោះដ្រូនទីពីរហើយ ដែលប្រព័ន្ធការពារដែនអាកាសរបស់យើងបានបាញ់ទម្លាក់ដោយជោគជ័យក្នុងពេល ២៤ម៉ោង ហើយក៏ជាយន្តហោះដ្រូនទី ២១ ដែលយើងបានបាញ់ទម្លាក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ភ្លាមៗ ខាងភាគីអាមេរិក មិន ទាន់ ធ្វើ អត្ថាធិប្បាយ លើ ការ អះអាង របស់ ក្រុមហ៊ូទីនៅ ឡើយ ទេ។
ភាពតានតឹងរវាងក្រុមហ៊ូទី និង យោធាអាមេរិក
កាន់តែពុះកញ្ជ្រោល ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញលើគោលដៅពួកហ៊ូទី ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា។
ពោលគឺបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសពីផែនការបន្តការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល ហើយការរាំងស្ទះជំនួយមនុស្សធម៌របស់អ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សា គឺជាហេតុផលរបស់ក្រុមប្រដាប់អាវុធមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

