កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីបន្ថែមទៀតរបស់ជាតិ បង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា
(កំពត)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ ដែលបង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា ។ កំពង់ផែនេះ លេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍កម្ពុជា ។
តាមរយៈសមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគ មួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារ ការិយាល័យជាដើម ៕
ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ





