កុងហ្គោបន្ថយចំនួនអ្នកស្លាប់ត្រឹម ៣៣ នាក់ ក្រោយហេតុការណ៍ឆេះ និង លិចទូក
គីនហ្សាសា ៖ មន្រ្តីកុងហ្គោបានប្រាប់កាសែត AFP បន្ទាប់ពីហេតុការណ៍ឆេះ និងក្រឡាប់លិចទូកមួយគ្រឿងថា ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងសោកនាដកម្មនេះ មានត្រឹមតែ ៣៣ នាក់ប៉ុណ្ណោះ មិនដូចសេចក្តីរាយការណ៍ពីមុន ដែលថា មានរាប់រយនាក់ទេ។
អភិបាលក្រុង អឹបានដាកា លោក វីយ៉េស បាឡូ និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៣ នាក់ ក្នុងនោះសាកសពមនុស្ស ២៩ នាក់បានបញ្ចុះរួចរាល់ហើយ និង ៤ នាក់ទៀតកំពុងតម្កល់នៅទីបញ្ចុះសពនៅឡើយ។
លោកអភិបាលក្រុងបន្ថែមថា ចំណែកមនុស្សចំនួន ១៩៥ នាក់បានរួចផុតជីវិតពីសេចក្តីស្លាប់ រួមជាមួយជនរងគ្រោះរលាកភ្លើងចំនួន ២២ នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ វ៉ាន់ហ្គាតា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅលើដងទន្លេកុងហ្គោ។
ទូកឈើផ្ទុកអ្នកដំណើរប្រហែល ៤០០ នាក់នោះ ត្រូវភ្លើងឆេះនៅជិតទីក្រុង អឹមបានដាកា ក្រោយចាកចេញពីកំពង់ផែ ម៉ាតាន់គូម៊ូ ទៅកាន់តំបន់ បូឡូមបា ក្នុងខេត្ត អ៊ីក្វាធ័រ។ ប្រភពបានឱ្យដឹងថា ឧប្បត្តិហេតុនេះបង្កឡើងពីអ្នកចម្អិនអាហារនៅលើទូក ហើយអ្នកដំណើរជាច្រើននាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់បន្ទាប់ពីលោតចូលទឹក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
