រុស្ស៊ី និង អ៊ុយក្រែនចោទគ្នារឿងរំលោភបទឈប់បាញ់បុណ្យ Easter
កៀវ ៖ រុស្ស៊ី និង អ៊ុយក្រែន នៅថ្ងៃអាទិត្យ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់បុណ្យ Easter ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
មេដឹកនាំអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី និយាយថា កងកម្លាំងរុស្ស៊ីកំពុងបន្តការបាញ់ផ្លោង និង ការវាយលុករបស់ពួកគេនៅតាមខ្សែបន្ទាត់ជួរមុខ បើទោះបីជាលោក ពូទីន បានប្រកាសបទឈប់បាញ់ក៏ដោយ។
ចំណែកក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានវាយបកលើការប៉ុនប៉ងវាយប្រហារដោយអ៊ុយក្រែន និងបានចោទប្រកាន់ទីក្រុងកៀវថា បានវាយលុកដោយយន្តហោះដ្រូន និងគ្រាប់ផ្លោងរាប់រយគ្រាប់ ដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនៅតំបន់ Donetsk។
បទឈប់បាញ់រយៈពេល ៣០ ម៉ោង ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីប្រារព្ធពិធីបុណ្យសាសនា អាចជាការផ្អាកប្រយុទ្ធដ៏សំខាន់បំផុត នៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង ៣ ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
