មន្ត្រី​សហរដ្ឋអាមេរិក ប្តេជ្ញាជាដៃគូរដ៏រឹងមាំក្នុងការគាំទ្រអាស៊ាន

(សៀមរាប​)៖ លោក សៀន អូនៀល (Sean O’Neill) មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកបន្តប្តេជ្ញាធ្វើជាដៃគូសំខាន់នៃអាស៊ាន ដោយផ្តោតលើកិច្ចសន្ទនា និងសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់ ដើម្បីលើកស្ទួយស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចប្រជុំ “កិច្ចសន្ទនាអាស៊ាន–អាមេរិក” លើកទី៣៧ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ។

លោកបានថ្លែងថា សហរដ្ឋអាមេរិកកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានស្មារតីសហការយ៉ាងល្អ ក្នុងនាមជាដៃគូសន្ទនាជាចម្បងរបស់អាមេរិកក្នុងតំបន់នេះ។

លោកបញ្ជាក់ថា កិច្ចសន្ទនាអាស៊ាន–អាមេរិក គឺជាវេទិកាសំខាន់សម្រាប់ពង្រឹងភាពជាដៃគូរវាងប្រទេសជុំវិញបញ្ហាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
គាត់សង្ឃឹមថា កិច្ចសន្ទនាផ្លូវការទាំងនេះនឹងនាំឲ្យមានលទ្ធផលជាក់ស្តែង និងជំរុញឲ្យមានការរីកចម្រើនរួមទាំងសង្គម និងសេដ្ឋកិច្ច សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាពិសេសពលរដ្ឋអាមេរិកកាំងនៅក្នុងតំបន់ ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សៀន អូនៀល ជាសហប្រធានក្នុងកិច្ចប្រជុំនេះ ៕

ដោយ ៖ ​ប៊ុន​រដ្ឋា

ads banner