សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បាននាំយកស្បៀង សម្ភារៈ ចំនួន ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងកោតសរសើរ ពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា “បច្ចុប្បន្ននេះ ពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមនឹងវិបត្តិអាកាសធាតុ រួមមាន ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។
នៅក្នុងត្រីមាសទី១ នេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង និងស្ថានភាពភ្លៀងកក់ខែ បានធ្វើឱ្យប៉ះពាល់ជិត ២០ខេត្ត និង លំនៅដ្ឋានប្រជាជនជាង ២.៥០០ខ្នង ហើយក្រៅពីនេះ បញ្ហាខ្យល់ពុល មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ទាំងនៅទីស្នាក់ការកណ្តាល និងសាខា កក្រក ទាំង២៥ រាជធានី ខេត្ត បានធ្វើការឆ្លើយតបយ៉ាងសកម្ម ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ វិបត្តិភ័យនានា នៅទូទាំងប្រទេស ។
ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ស្បៀង សម្ភារសម្រាប់ ៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បីត្រៀមបង្ការពេលមានគ្រោះមហន្តរាយនៅក្នុងរដូវវស្សាខាងមុខនេះ ហើយថ្ងៃស្អែក ក្រុមការងារកាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាលនិងសាខា និងចុះសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ចំនួន ១០០គ្រួសារនៅស្រុកជាំក្សាន្តផងដែរ” ។
លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិននរណាម្នាក់ចោលឡើយ ៕
ដោយ / គ្រី សម្បត្តិ


