ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិការចែករំលែកចំណេះដឹង ស្តីអំពី «បច្ចុប្បន្ន​ភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដល់បណ្តាអ្នក​សារព័ត៌​មាន

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងក្នុងការសរសេរព័ត៌មាន អំពីទីផ្សារធានារ៉ាប់រង ទៅកាន់អ្នកសារព័ត៌មាន បានរៀបចំវេទិការចែករំលែកចំណេះដឹងមួយ ស្តីអំពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ។ កម្មវិធីនេះ បានមានការចូលរួមសហការរៀបចំផងដែរ ពីសមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគា កាបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។

អញ្ជើញចូលរួមជាគណៈធិបតីក្នុងឱកាសនោះ រួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ព្រមទាំងអង្គភាពសារព័ត៌មានមកពី ៤១ស្ថាប័ន ដែលជាសិក្ខាមបានចូលរួមក្នុងវគ្គនេះ ។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹង និងពិភាក្សាគ្នា ដើម្បីជំនួយស្មារតីដល់អ្នកសារព័ត៌មានក្នុងការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍វិស័យធានារ៉ាប់រងនៅកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា

នៅក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ដែរថា វិស័យធានារ៉ាប់រង ជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកទ្រទ្រងប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យ ជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងមុំទី៥ ដែលសំដៅលើ «ការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថមិនមែនធនាគារ» ឲ្យកាន់តែមានស័ក្តិស័ទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាបន្ន, ពិពិធភាព និងភាពទំនើបតាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាពស្ថាប័ន និងអក្ខរកម្មហិរញ្ញវត្ថុ និងលើកស្ទួយឌីជីថលភាវូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុ ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងក្តីរំពឹងថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួច តាមរយៈអ្នកសារព័ត៌មាន ប្រជាពលរដ្ឋនឹងមានការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពីវិស័យធានារ៉ាប់រងកាន់តែច្បាស់ដល់ឱ្យពលរដ្ឋ ក្នុងការសម្រេចចិត្ដច្បាស់លាស់ក្នុងការទិញធានារ៉ាប់រងយកមកប្រើប្រាស់អាចទទួលបានសំណងក្រោយជួបហានិភ័យផ្សេងៗជាយថាហេតុណាមួយ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner