វិស័យឯកជនធំៗចំនួនពីរចាប់ដៃគ្នាផ្តល់ភាពងាយស្រួលដល់អតិថិជនក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ
ភ្នំពេញ ៖ ស្ថិតក្នុងគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ ដែលកំពុងស្វែងរកឱកាសវិនិយោគ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យកាន់តែងាយស្រួលនោះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃទី២៣ ខែមេសានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន។

ថ្លែងក្នុងពិធីនេះ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អតិថិជនក្នុងការទិញផ្ទះ ដោយបានពង្រីកលក្ខខណ្ឌមានសិទ្ធិក្នុងការទិញអចលនទ្រព្យរបស់អតិថិជន បានទាំងជនជាតិខ្មែរ និងជនបរទេស។ លើសពីនេះកិច្ចព្រមព្រៀងនេះ ជួយសម្រួលដល់ជម្រើសហិរញ្ញប្បទានរយៈពេលវែង ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ដែលអាចបត់បែនបានរហូតដល់ ២០ឆ្នាំ ដែលហេតុនេះ អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យ។ អ្នកខ្ចីប្រាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាមាត្រខ្ពស់នៃប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យរហូតដល់៩០% ដែលកាត់បន្ថយប្រាក់កក់ដំបូងបានច្រើនជាងមុន ហើយអតិថិជនអាចសងផ្តាច់ ឬសងប្រាក់ដើមមួយផ្នែក នៅពេលណាក៏បាន ដោយគ្មានរយៈពេលហាមឃាត់ ឬការពិន័យឡើយ ។

បន្ថែមពីលើភាពទាក់ទាញផ្នែកហិរញ្ញវត្ថុ ក៏ធានានូវការផ្តល់ជូនអត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង នឹងធ្វើឱ្យអតិថិជន មានលទ្ធភាពច្រើនក្នុងការទិញផ្ទះនៅក្នុងគម្រោងនេះ។ ដំណើរការនៃការស្នើប្រាក់កម្ចី ក៏នឹងត្រូវបានធ្វើឱ្យងាយស្រួលផងដែរ ដំណើរការវាយតម្លៃឥណទានរហ័ស និងសាមញ្ញ ជាមួយនឹងតម្រូវការឯកសារច្បាស់លាស់ អតិថិជននឹងទទួលបាននូវបទពិសោធន៍ល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងក្រោយ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានកម្ចីទិញផ្ទះដ៏ទូលំទូលាយដោយផ្ទាល់ ដល់អតិថិជនរបស់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន នេះតែម្តង។

នាឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ និងជំរុញកំណើននៅក្នុងវិស័យអចលនទ្រព្យផងដែរ។ តាមរយៈការផ្តល់ជូននូវជម្រើសហិរញ្ញប្បទានដ៏ទាក់ទាញ និងងាយស្រួលសម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកលំនៅដ្ឋាន និងឱកាសវិនិយោគប្រកបដោយគុណភាព។ តំណាងមកពីធនាគារ អេស ប៊ី អាយ លី ហួរ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញពីការសាទរចំពោះភាពជាដៃគូនេះ និងសក្តានុពលរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិន្តរបស់អតិថិជនមានផ្ទះផ្ទាល់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏មានសក្តានុពលមួយនេះ៕ អត្ថបទ ៖ ឈឹម ទីណា


