ដាណឺម៉ាកចាយ ៦០០ លានដុល្លារទិញនាវាមុជទឹក ២៦ គ្រឿង
កូប៉ិនហាក់ ៖ ដាណឺម៉ាកគ្រោងចាយលុយប្រហែល ៦១៤ លានដុល្លារ សាងសង់ និង ទិញនាវាកងទ័ពជើងទឹកចំនួន ២៦ គ្រឿង សម្រាប់បេសកកម្មល្បាតតាមដានការលេចធ្លាយប្រេង និង ការឃ្លាំមើលខ្សែកាបក្រោមសមុទ្រ។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen នៅថ្ងៃអង្គារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគំរាមកំហែងដែលយើងប្រឈមមុខនៅដែនសមុទ្របច្ចុប្បន្ននេះ គឺខុសគ្នា និង ធ្ងន់ធ្ងរជាងកាលពីប៉ុន្មានឆ្នាំមុន។
លោក Poulsen បានសង្កត់ធ្ងន់ថា ដូច្នេះ យើងត្រូវត្រៀមខ្លួនឆ្លើយតបការគំរាមកំហែងរបស់រុស្ស៊ី ខណៈដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាកំពុងដំណើរការក្នុងល្បឿនលឿនដូចផ្លេកបន្ទោរ។
បន្ទាប់ពីកាត់បន្ថយការចំណាយលើវិស័យការពារជាតិជាងមួយទសវត្សរ៍ នៅទីបំផុតកាលពីឆ្នាំមុន ដាណឺម៉ាកបានជះលុយដល់ទៅ ១៩០ ពាន់លានដុល្លារនៅក្នុងវិស័យយោធាក្នុងរយៈពេល ១០ ឆ្នាំ។
ដាណឺម៉ាកមានគោលបំណងចម្បង គឺការពារខ្សែកាប និងបំពង់បង្ហូរប្រេង សម្រាប់ផលិត និង បញ្ជូនថាមពល ព្រមទាំងជំរុញការពារប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានចំពោះបរិស្ថានសមុទ្រនៅក្នុងដែនទឹករបស់ដាណឺម៉ាក ពីសំណាក់កងនាវាស្រមោលរុស្ស៊ី៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា