ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងនិងពង្រីកបន្ថែមទៀត
(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ ផ្នែកវេជ្ជសាស្រ្តបូរាណគឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការ ទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបែបនេះក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ និង ជួបសំណេះសំណាល ជាមួយមន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្នែកវេជ្ជសាស្ត្របូរាណ ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
ឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។
ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំថា ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់ មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឆ្លៀតចុះពិនិត្យនិស្សិតដែលសិក្សាផ្នែកឱសថ ដើម្បីផ្តល់ជាការណែនាំ និងគន្លឹះក្នុងការក្លាយខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់និស្សិតទាំងអស់ ឱ្យបន្តខំប្រឹងប្រែងស្វែងយល់ក្នុងការសិក្សារៀនសូត្រ ដែលនឹងក្លាយជាយុវជនអ្នកបន្តវេន នៅក្នុងវិស័យសុខាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ







