ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨”
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលថ្មីនាពេលនេះ សំដៅជំរុញការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិក ដើម្បីរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះ ការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨” គឺជាការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច ដែលចូលរួមកែលម្អបរិយាកាសធុរកិច្ច និងការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា។ ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ចគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូររបៀបគិត និងរបៀបធើ្វការរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាយុទ្ធសាស្ត្រនេះនឹងក្លាយជាឯកសារបង្ហាញផ្លូវដល់ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ







