ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុត​នៅ​ខេត្តព្រះវិហារ ចំនួន ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

(ព្រះវិហារ)៖ ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម យូ ឡាណា មានប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹក​និងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើង​ដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។

ឯកឧត្តមបានណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត “នៅដើមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជារបស់​យើង​ប្រឈមការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល ”។

កាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីកៀរគរ​មូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រ​ដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា សម្រាប់ប្រតិបត្តិការមនុស្ស​ធម៌របស់កាកបាទក្រហកម្ពុជា ជួយប្រជាពលរដ្ឋងាយរងគ្រោះ និង​ងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរងទី២ និងថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះ​សួរសុខទុក្ខ និងចែកអំណោយដល់ខ្នងផ្ទះចំនួន ១០គ្រួសារ​ចូលរួម​រំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារ​រន្ទះ​បាញ់​(ស្លាប់)មួយគ្រួសារ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥ នៅឃុំជាំក្សាន្ត ខេត្តព្រះវិហារ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner