វាស់វែងធីធ្លីជូនពលរដ្ឋក្នុងខេត្តកំពត បានជាង ៧៥ម៉ឺនក្បាលដី ស្មើនឹងជាង ៩៦% ហើយគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២៥
(កំពត)៖ ដោយយោងតាមកិច្ចអង្អុលការពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដមអភិបាលខេត្តកំពត មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានពន្លឿនក្នុងការងារចុះវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និង ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋជារៀងរាល់ថ្ងៃ ដោយគិតមកទល់ពេលនេះបានចំនួនជាង ៧៥ក្បាលដី ដែលស្មើនឹងជាង ៩៦% ។
តាមការឱ្យដឹងពីលោក ព្រាម សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ក្នុងពិធីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតចាប់តាំងពីយុទ្ធនាការនៃការចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរហូតមកដល់សព្វថ្ងៃនេះ ខេត្តកំពតបានធ្វើការចុះវាស់វែងដីធ្លីជូនពលរដ្ឋបានចំនួន ៧៥០.៥៧៩ក្បាលដី ដែលស្មើនឹង ៩៦.៣០% ហើយនៅសល់ក្បាលដីចំនួន ២៨.៧២៦ក្បាលដី ដែលសើ្មនឹង ៣.៧០% ទៀតប៉ុណ្ណេះការវាសវែងដីធ្លីនឹងត្រូវបញ្ចប់ ។
លោកប្រធានមន្ទីរបានបន្តថា បណ្ណដែលបានផ្តល់ជូននាពេលនេះគឺក្រោមការដាក់ចេញនូវគោលនយោបាយដោយយកចិត្តទុកដាក់របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចនៅតែមានកិច្ចចង្អុលការ និងដាក់ចេញនូវផែនការសម្រាប់ក្រសួង និងមន្ទីរជំនាញដើម្បីពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានឆាប់បំផុត ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីបញ្ចប់វិវាទដីធ្លី ក៏ដូចជាដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការកាន់កាប់ដីធ្លីស្របច្បាប់ក្រោយពីបញ្ចប់ភ្លើងសង្គ្រាម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាព បានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លី ចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១ បប ។ ហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការអនុម័តច្បាប់ភូមិបាល ឆ្នាំ២០០១ និងបានចេញលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីទាំងដីរបស់រដ្ឋ ដីឯកជន ដីវត្ត និងដីសហគមន៍ជនជាតិដើមភាគតិចជាដើម ។ល។ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋក្នុងស្រុកដងទង់នាពេលនេះ គឺមានបីភូមិ និងពីឃុំ ក្នុងនោះមានភូមិល្អាង ឃុំល្អាង, ភូមិស្នោរតូច និង ភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលមានបណ្ណសរុបចំនួន ៦.០៣៧បណ្ណ ៕
ដោយ ៖ សិលា សារិន








