រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។

ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ដំណាក់កាល៖ ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ តួនាទី ភារកិច្ច របស់រដ្ឋលេខាធិការដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមចក្ខុវិស័យ ពង្រឹងសមត្ថកិច្ច និងអភិបាលរបស់ស្ថាប័ន ដែលនោះគឺការកំណត់មុខងារស្នូល និងមុខងាររង ព្រមទាំងការជ្រើសរើសធនធានមនុស្សដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅសេសសល់ ដែលមានភាពចាំបាច់បំផុត។

ជាលទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ត្រូវបានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន ១៦ ។

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីការកកើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការប្តេជ្ញាចិត្តក្នុងការចូលរួម ព្រមទាំងបានរៀបរាប់ពីដំណាក់កាលការនៃការចូលរួមក្នុងការវិភាគមុខងាររបស់រដ្ឋលេខាធិការដ្ឋាន ជាមួយរាជរដ្ឋាភិបាល ជូនអង្គសិក្ខាសាលាថា “ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner