ចិនចំហរទ្វារចរចា ក្រោយលោក Trump ចង់បន្ថយពន្ធចិន
អត្ថបទដោយ៖
ឈឹម ទីណា
ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃពុធនិយាយថា ទ្វារនៅតែបើកចំហជានិច្ច សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក មួយថ្ងៃក្រោយលោកប្រធានាធិបតី Donald Trump ផ្តល់សញ្ញាចង់បន្ធូរបន្ថយពន្ធចិនវិញ។
លោក ត្រាំ បានគូសបញ្ជាក់ថា ពន្ធគយ ១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ… វានឹងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនធ្លាក់ដល់សូន្យទេ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទកាសែតថា ដូចចិនបាននិយាយពីដំបូងហើយថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្មទេ ដូច្នេះទ្វារចរចា គឺនៅតែបើកចំហជានិច្ច។
បើតាមលោក Guo អាមេរិកគួរតែបញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំ… ហើយចូលរួមជាមួយចិនដោយផ្អែកលើគោលការណ៍ស្មើភាព និង ការគោរពគ្នាទៅវិញទៅមក ប្រសិនបើអាមេរិកពិតជាចង់បានកិច្ចព្រមព្រៀង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។