ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២,២៦៥នាក់
ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែក បទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់។

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា តាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរ ជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់ មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិនកិត្តិយសចែករំលែកបទ ពិសោធន៍ជូនដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន ឯកឧត្តម សួស យ៉ារ៉ា ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញមកចែករំលែកបទពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។ ឯកឧត្តមបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គ សិក្ខាសាលាទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុក ប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំដ៏មានតម្លៃជូន ដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដោយផ្តោតសំខាន់តួនាទីភារកិច្ចរបស់រដ្ឋសភា រួមមាន មុខងារនីតិកម្មឬតាក់ តែងច្បាប់ តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់ និងភាពជាតំណាង ជាពិសេសរដ្ឋសភាក៏មានតួនាទីអាចធ្វើសេចក្តីស្នើច្បាប់ បានផងដែរ ហើយច្បាប់នីមួយៗត្រូវទទួលការឡាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ ទើបចូលជាធរមាន និងអាចប្រកាស ប្រើជាផ្លូវការបាន។ ចំពោះការទូតសន្តិភាពសភា កម្ពុជាមានបទពិសោធន៍ក្នុងការកសាងសន្តិភាពជាក់ស្តែងរបស់ខ្លួន និងផ្លាស់ ប្តូរបទពិសោធន៍ជាមួយនឹងបណ្តាសភានៅលើសកលលោក ដោយផ្អែកលើគោលការណ៍ទាំង៥ គឺ ១-សាមគ្គីភាពគ្នាក្នុងភាព ចម្រុះ, ២-ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាពនិងវិបុលភាព (M4P2), ៣-ភាពអត់ឱន យុត្តិធម៌ និងសមភាព, ៤-ការរួមរស់ជាមួយគ្នាដោយ សន្តិភាព និងការទប់ស្កាត់ជម្លោះ, និង ៥-វប្បធម៌នៃសន្តិភាព។
ឯកឧត្តម ក៏បានលើកឡើងអំពីជោគជ័យដែលរដ្ឋសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសភាអន្តរជាតិសំខាន់ៗ ជាអាទិ៍ ១-កិច្ច ប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11-2021), ២-មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43-2022), និង ៣-សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP11)-ដើម្បីឈានទៅសម្រេចនូវ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ដែលកើតចេញពីស្នាដៃនិងគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម បានបន្តថា ដើម្បីធ្វើការទូតសភាឱ្យបានសង្គតភាពគឺត្រូវឈរលើគោលការណ៍ឯកភាព មិនដើម្បីប្រណាំង ប្រជែងឬប្រឈមមុខ ប៉ុន្តែឯកភាពដើម្បីសហប្រតិបត្តិការ។ បង្កើនភាពធន់ ក្នុងការជម្នះនូវឧបសគ្គព្យុះភូមិសាស្ត្រនយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា រក្សាសន្តិភាព ស្ថិរភាព ការរស់រាន និងការរីកចម្រើន ដោយប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវអព្យាក្រឹតភាព ការគោរពច្បាប់អន្តរជាតិ និងគោលនយោបាយការបរទេសឯករាជ្យបញ្ចៀសការធ្វើសកម្មភាព ជាមួយភាគីម្ខាងហើយធ្វើឱ្យខូចប្រយោជន៍ដល់ភាគីម្ខាងទៀត។
ឯកឧត្តម គូសបញ្ចាក់ថា កន្លងមកគោលនយោបាយការទូតសភា ជាទូទៅកិច្ចការងារការទូតត្រូវគេយល់ឃើញថា ជា ការងាររបស់ស្ថាប័ននីតិប្រតិបត្តិដែលអនុវត្តដោយក្រសួងការបរទេស ប៉ុន្តែនៅក្នុងទសវត្សន៍ចុងក្រោយនេះ ស្ថាប័ននីតិប្បញ្ញត្តិ មានតួនាទីយ៉ាងសំខាន់តំណាងប្រជាជន ដើម្បីពង្រីកចំណងមិត្តភាពជាមួយសភានៃបណ្តាប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី។ ហើយ វិស័យការទូតសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (Track ២) ដែល ត្រូវបានអនុវត្តយ៉ាងទៀតទាត់តាមនីតិកាលនីមួយៗ ស្របតាមគោលនយោបាយរបស់គណបក្សដឹកនាំ និងកម្មវិធីនយោបាយ ការទូតរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ សេដ្ឋកិច្ច។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានផ្តល់កិត្តិយសអញ្ជើញចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងប្រគល់សៀវភៅ ធម្មនុញ្ញសន្តិភាពសកល ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនោះផងដែរ៕










