លោក Trump ខកចិត្ត និងចោទលោក Zelensky ដើរខុសលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងខកចិត្តជាខ្លាំងនៅក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយលោកបាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កំពុងដើរខុសទិសដៅលើកិច្ចចរចាសន្តិភាព។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី Trump មានការខកចិត្ត ហើយការអត់ធ្មត់របស់លោកកំពុងធ្លាក់ចុះខ្លាំង ព្រោះលោកចង់មើលឃើញសន្តិភាព ការបញ្ឈប់ការកាប់សម្លាប់ ហើយភាគីទាំងពីរនៃសង្រ្គាមត្រូវមានឆន្ទៈធ្វើដូច្នេះដែរ តែជាអកុសល លោក Zelensky ហាក់ដូចជាកំពុងដើរខុសទិសដៅ។

ការអត្ថាធិប្បាយរបស់សេតវិមាននេះ កើតឡើងស្របពេលលោក Trump និងលោក Zelensky បានប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត ជុំវិញការលើកឡើងរបស់លោក Zelensky ដែលនិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់គ្រីមៀ ជាទឹកដីរុស្ស៊ីស្របច្បាប់ដាច់ខាត ព្រោះនោះជាការដាក់បញ្ចូលទឹកដីដោយបំពានច្បាប់អន្តរជាតិ។

សារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky បានបង្កការលំបាកក្នុងការបិទបញ្ចប់សង្គ្រាម ខណៈស្ថានភាពនៅអ៊ុយក្រែនកាន់តែយ៉ាប់យឺន តើគាត់ចង់បានសន្តិភាព ឬ គាត់ចង់បន្តការបង្ហួរឈាម ៣ ឆ្នាំថែមទៀតឬយ៉ាងណា មុនពេលបាត់បង់ប្រទេសទាំងមូល។

ស្របពេលជាមួយគ្នានេះដែរ ប្រមុខការទូតកំពូលអាមេរិក លោក Marco Rubio បានលុបចោលផែនការចូលរួមកិច្ចចរចានៅទីក្រុងឡុងដ៍ ដែលជាកិច្ចប្រជុំដ៏ទូលំទូលាយមួយ ជាមួយរដ្ឋមន្ត្រីការបរទេសមកពីអ៊ុយក្រែន អង់គ្លេស បារាំង និងអាល្លឺម៉ង់។ នេះសបញ្ជាក់ឱ្យឃើញពីភាពមិនស៊ីសង្វាក់គ្នាលើរបៀបបញ្ចប់សង្រ្គាមរវាងអាមេរិក អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប៕

ប្រភព ៖ Reuters និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner