សហគមន៍អេកូទេសចរណ៍ជីផាត រៀបចំយុទ្ធនាការ “ជីផាត គ្មានប្លាស្ទិក”ដើម្បីប្រមូលសំរាមជំរុញកំណើនទេសចរណ៍
(ភ្នំពេញ)៖ សហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានបង្កើតនូវយុទ្ធនាការ”ជីផាត គ្មានប្លាស្ទិក” ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៨ ខែមេសា ខាងមុខ ស្របទៅតាមគោលដៅថ្នាក់ជាតិក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍និរន្តរភាព និងស្របទៅតាមកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលផ្ដួចផ្ដើមសម្រាប់យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះឱ្យដឹងថា សំរាមសំណល់ប្លាស្ទិកនៅក្នុងសហគមន៍ទេសចរណ៍ជីផាតមានដូចជា ដបទឹក ប្រអប់ស្នោបាយ ជាដើមនេះ បានរាយប៉ាយនៅលើផ្ទៃដីប្រមាណ២០០ហិកតា ដែលទាមទារឲ្យមានការប្រមូលទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងប៉ះពាល់ទៅដល់វិស័យអេកូទេសចរណ៍នៅនិងមូលដ្ឋាន។
កញ្ញា ស៊ូវណ្ណា គូសបញ្ជាក់ថា ការបំពុលដោយសំណល់ប្លាស្ទិកដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ កំពុងបង្កនូវការគំរាមកំហែងចំពោះប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់តំបន់អេកូទេសចរណ៍សហគមន៍ជីផាត ដែលជាតំបន់ទេសចរណ៍មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ។ សំណល់ប្លាស្ទិកបង្កឱ្យស្ទះប្រព័ន្ធបង្ហូរទឹក និងផ្លូវទឹក បង្កគ្រោះថ្នាក់ទៅដល់សត្វ ជាពិសេស សំំណល់ប្លាស្ទិកត្រូវការពេលរាប់រយឆ្នាំដើម្បីរំលាយ”។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតឱ្យដឹងថា បញ្ហានេះកើតចេញមកពីសកម្មភាពរស់នៅប្រចាំថ្ងៃ និងការយល់ដឹងនៅមានកម្រិតរបស់សហគមន៍ ដែលបង្កឱ្យប៉ះពាល់ដល់សោភណភាពតំបន់ទេសចរណ៍ធម្មជាតិ គម្រាមកំហែងដល់ជីវចម្រុះ និងសុខភាពរបស់សហគមន៍ ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលធ្វើការអភិរក្សធនធានធម្មជាតិ និងបង្កើតសហគមន៍ទេសចរណ៍នៅតំបន់ភ្នំក្រវាញស្ថិតនៅក្នុងខេត្តកោះកុង តាមរយៈផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមទាំងការជួញដូរសត្វព្រៃ ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសហគមន៍មូលដ្ឋាន៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា


