រដ្ឋបាលព្រៃឈើថា អនុសញ្ញាសាយតេស មិនមានការសម្រេចឱ្យផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជា

(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រសាយតេសកម្ពុជា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ថា ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES)”ទេ។

គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា “កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។

ការចុះផ្សាយអត្ថបទមួយនេះដែរត្រូវបានរដ្ឋបាលព្រៃឈើចាត់ទុកថាគឺជាការ ផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ។

ក្នុងសេចក្តីប្រកាសនេះដែររដ្ឋបាលព្រៃឈើបានលើកឡើងថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner