អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជាមិនឱ្យចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយការនាំចេញកន្លងមកគឺជាសត្វស្វាកើតនៅក្នុងកសិដ្ឋាន
(ភ្នំពេញ)៖ ក្រសួងកសិកម្មមិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ដោយបញ្ជាក់នៅក្នុងបណ្តាញសង្គមនាថ្ងៃទី២៤ ខែ មេសា ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថាកន្លងមកនេះកម្ពុជាក៏ពុំបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២៤មកម្ល៉េះ។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មនេះដែរធ្វើឡើងដើម្បីឆ្លើយតបក្រោយការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា “កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនជុំវិញបញ្ហានេះថា”មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាCITES ដូចកាចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើយ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងដោយបញ្ជាក់បន្ថែមថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ


