ចិនបញ្ជូន Boeing ៥០គ្រឿងទៅអាមេរិកវិញ សងសឹករឿងសង្គ្រាមពន្ធ
បរទេស៖ ភាគីចិនបានសម្រេចចិត្ត ឈប់ទទួលយកការផ្គត់ផ្គង់យន្តហោះ Boeing របស់អាមេរិក ចំនួន៥០គ្រឿង ព្រោះតែសង្គ្រាមពន្ធ ហើយ មានយន្តហោះ ពីរគ្រឿងហើយ ដែលត្រូវបានបញ្ជាឲ្យហោះត្រលប់ទៅអាមេរិកវិញ រួចរាល់ ខណៈមួយគ្រឿងទៀត នឹងបញ្ជូនទៅតាមក្រោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ។
មេធំក្រុមហ៊ុនផលិតយន្តហោះ Boeing លោក Kelly Ortberg បានអះអាងថា ប្រទេសចិនបានបញ្ជូនយន្តហោះ ដែលគេបញ្ជាទិញ ទៅសហរដ្ឋអាមេរិកវិញ ដើម្បីទុកការសងសឹក ជុំវិញការតំឡើងពន្ធ របស់លោក Trump ។ លោក Kelly Ortberg បានប្រាប់ទូរទស្សន៍អាមេរិក CNBC ថា យន្តហោះ ចំនួន៥០គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូន ទៅប្រទេសចិន តាមការបញ្ជាទិញ នៅឆ្នាំ២០២៥នេះ ប៉ុន្តែ អតិថិជននៅចិន បានបង្ហាញថា ពួកគេនឹងមិនទទួលយកការដឹកជញ្ជូន យន្តហោះទាំងនេះ នោះទេ។
គួរកត់សម្គាល់ថា Boeing 737 MAX តម្លៃ៥៥លានដុល្លារ គឺជាយន្តហោះដំបូង ដែលត្រូវបានប៉ុនប៉ងដឹកជញ្ជូន ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines តែត្រូវបានបញ្ជាឲ្យហោះត្រលប់ ទៅអាមេរិកវិញ កាលពីពេលថ្មីនេះ។
សហរដ្ឋអាមេរិកបានដាក់ពន្ធ ១៤៥% លើការនាំចូលទំនិញ ពីប្រទេសចិន ហើយចិនបានវាយបកវិញ ជាមួយនឹងអត្រាពន្ធ ១២៥% លើផលិតផលនាំចូល របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ចិនណា ដែលទិញ យន្តហោះ Boeing នឹងត្រូវបង់ថ្លៃពន្ធបន្ថែម។
យ៉ាងណាមិញ ថ្លែងនៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា លោកមានសុទិដ្ឋិនិយម អំពីការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយនិយាយថា កម្រិតនៃពន្ធ ដែលលោកបានដាក់លើទំនិញចិន នឹងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែ នឹងមិនដល់សូន្យនោះឡើយ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
