ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ
(ក្រចេះ)៖ នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ ដោយមិនបានជូនដំណឹងជាមុន។
ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារបានពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ។
នៅមណ្ឌលសុខភាព មានបុគ្គលិប្រចាំការ ទាំងប្រធាន អនុប្រធាន និងបុគ្គលិកមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធល្អថ្មី អនាម័យល្អបង្គួរ ឱសថគ្រប់គ្រាន់ទុកដាក់សមស្រប ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវតាមបច្ចេកទេស បុគ្គលិកមានឥរិយាបថសមរម្យ និងមានមួយចំនួនដែលត្រូវកែលម្អ ឱ្យប្រឹងប្រែងស្ទុះស្ទាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយឥរិយាបថរួសរាយរាក់ទាក់ ផ្តល់ភាពកក់ក្តៅចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និងត្រូវបង្កើននូវសមត្ថភាពនូវចំណេះជំនាញបច្ចេកទេសបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ការអញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាព បានធ្វើឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅក្នុងមណ្ឌលក្បាលដំរី មានភាពរំភើបរំជួលចិត្ដរហូតដល់ស្រក់ទឹកភ្នែក ដោយមានឱកាសបានជួបផ្ទាល់ជាមួយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្ដី ចុះមកពង្រឹងសេវាបម្រើប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន ពិសេសបានទទួលការណែនាំអំពីបញ្ហាសុខភាពរបស់គ្រួសារខ្លួនយ៉ាងច្បាស់លាស់ ក្បោះក្បាយ ពីស្ថានភាពជំងឺ និងការព្យាបាល ប្រកបដោយភាពកក់ក្ដៅជាខ្លាំង ៕
ដោយ ៖ ហេង សម្បត្តិ





