១២រដ្ឋនៅអាមេរិកប្តឹងតុលាការពាណិជ្ជកម្មអន្តរជាតិ ជំទាស់នឹងការតំឡើងពន្ធរបស់លោក Trump
បរទេស ៖ រដ្ឋចំនួន១២ នៅអាមេរិក បានរួមដៃគ្នា ដាក់ពាក្យប្តឹង ទៅតុលាការពាណិជ្ជកម្មអន្តរជាតិ របស់អាមេរិក ប្រឆាំងនឹងការតំឡើងពន្ធ របស់លោកប្រធានាធិបតី Donald Trump លើបណ្តាប្រទេសនានា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ។
ពាក្យបណ្តឹង របស់រដ្ឋទាំង១២ ដែលដឹកនាំដោយអភិបាលក្រុងញូវយ៉ក និងអគ្គមេធាវី បានរៀបរាប់ថា រាល់ការសម្រេចចិត្តលើពន្ធគយទាំងអស់ ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក ជាមុនសិន ប៉ុន្តែ លោក Trump បានប្រើប្រាស់ខុស លើច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ហៅកាត់ IEEPA ដើម្បីអាចអនុម័តការតំឡើងពន្ធនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យ រងសេតវិមាន លោក Kush Desai បានចោទពាក្យបណ្តឹងនេះថា មានចេតនាប្រឆាំងនឹងលោក Trump ទាំងបំពាន។ លោកថា រដ្ឋបាល នៅតែប្តេជ្ញាចិត្ត ក្នុងការប្រើប្រាស់សិទ្ធិអំណាចផ្លូវច្បាប់ ពេញលេញ ដើម្បីប្រឈមមុខ នឹងភាពអាសន្នជាតិ ដូចជា បញ្ហាចំណាកស្រុកខុសច្បាប់, ការហូរចូលគ្រឿងញៀន fentanyl ឆ្លងកាត់ព្រំដែន និងការផ្ទុះឡើងនូវឱនភាពពាណិជ្ជកម្មទំនិញ របស់សហរដ្ឋអាមេរិក។
គួររម្លឹកថា កាលពីថ្ងៃទី២ ខែមេសាបានប្រកាសបន្ថែមពន្ធទំនិញនាំចូល ពីប្រទេសនានា ជុំវិញពិភពលោក ដោយបានអង្រួនសេដ្ឋកិច្ចសកល។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក លោក Trump បានប្រកាសផ្អាក រយៈពេល៩០ថ្ងៃវិញ សម្រាប់ប្រទេសភាគច្រើន ដើម្បីបើកការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ណាមួយ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
