Zelensky ចោទថា រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើងបាញ់ទីក្រុងគៀវ
បរទេស៖ លោក Zelensky និយាយថា រុស្ស៊ីបានប្រើកាំជ្រួចកូរ៉េខាងជើង ក្នុងការវាយប្រហារក្រុង Kyiv ស្លាប់ និង របួសមនុស្សរាប់សិបនាក់ នាពេលថ្មីៗនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានប្រើកាំជ្រួចផ្លោង របស់កូរ៉េខាងជើង ក្នុងការវាយប្រហារ នៅទីក្រុង Kyiv ដែលបានសម្លាប់មនុស្ស ១២នាក់ និង រាប់សិបនាក់ រងរបួស។
លោក Zelensky បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យោងតាមព័ត៌មានបឋម ជនជាតិរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោង ដែលផលិត នៅក្នុងប្រទេសកូរ៉េខាងជើង។ សេវាកម្មពិសេសរបស់យើង កំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់»។
ការចោទប្រកាន់នេះ បានធ្វើឡើង ខណៈដែលអ៊ុយក្រែន និងបណ្តាសម្ព័ន្ធអាមេរិក បានចោទថា កូរ៉េខាងជើងបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅជួយរុស្ស៊ី ធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែ ទាំងវិមានក្រឹមឡាំង និង ព្យុងយ៉ាង មិនដែរទទួលស្គាល់ ជាផ្លូវការ នោះទេ។
អភិបាលក្រុងគៀវ បានអះអាងថា មានការវាយប្រហារ ដោយកាំជ្រួចមីស៊ីល របស់រុស្ស៊ី លើក្រុងគៀវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ក្រុង Kyiv ទើបរងការវាយប្រហារ ដោយកាំជ្រួច នៅដើមខែមេសា ដោយពេលនោះ មនុស្ស យ៉ាងហោចណាស់ បីនាក់ បានរងរបួស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
