មូលនិធិ ២៥រៀលរបស់វីតាល់ រៀបចំកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” នៅខេត្តសៀមរាបជាលើកទី១

សៀមរាប៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី ១ ដែលបានប្រព្រឹត្តទៅនៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា ២០២៥ ទទួលបានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីនិស្សិត មន្ត្រីរាជការ និងសប្បុរសជនជាច្រើន គួរឱ្យកត់សម្គាល់។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាប, អ្នកផលិតមាតិកា និងនិស្សិតប្រមាណ ៣០០នាក់។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) បានមានប្រសាសន៍ថា មូលនិធិ២៥រៀលរបស់ វីតាល់ជានិច្ចកាល តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រនូវកិច្ចការងារសង្គម ក្នុងនោះ គឹមានការងារចុះប្រមូលអំណោយឈាម តាមរយៈការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយថ្ងៃនេះផ្ទាល់ វីតាល់បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី១ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ លោកជំទាវបានបន្តទៀតថា ការបរិច្ចាគឈាមគឺ មិនមានការប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញ គឺនាំមកនូវសុខភាពល្អ និងផ្ដល់ជាអំណោយសម្រាប់ជីវិតជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិតឡើងរោងចក្របាននោះទេ ប្រភពតែមួយគត់ ដែលមិនចេះរីងស្ងួត ប្រកបដោយប្រសិទ្ធិភាព-សុខសុវត្ថិភាពនោះ គឺការបរិច្ចាគដោយស្ម័គ្រចិត្តចេញពីសប្បុរសជនម្នាក់ៗ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការដ៏ក្លៀវក្លានាថ្ងៃនេះ កំណើននៃសប្បុរសជនបរិច្ចាគឈាមនៅខេត្តសៀមរាបនឹងបន្តកើនឡើង ពិេសសកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាខេត្តសៀមរាប ដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខេត្តសៀមរាបបានដាក់ចេញនូវផែនការអាទិភាពជាច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងផ្ដល់កិច្ចសហការលើការពង្រឹងលើកកម្ពស់ សេវាសុខភាពសាធារណៈដល់ប្រជាជន។ ក្នុងនោះការចូលរួមផ្ទាល់ពីវិស័យឯកជន និងសប្បុរសជននានា គឺពិតជាពុំអាចខ្វះបានឡើយ ដើម្បីជម្រុញឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តកាន់តែរីកចម្រើនបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកលើការងារសង្គមដ៏ថ្លៃថ្លារបស់ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) តួយ៉ាងកម្មវិធិថ្ងៃនេះ ដែលបានផ្ដួចផ្ដើមរៀបចំផ្សព្វផ្សាយ បំផុសគំនិតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការប្រមូលអំណោយឈាមពីសប្បុរសជននៅមូលដ្ឋានខេត្តសៀមរាប។ បន្ថែមពីនេះ ឯកឧត្តម ក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះទេប៉ុណ្ណោះទេ តែនឹងបន្តបរិច្ចាគឈាមដោយស្ម័គ្រជាប្រចាំ ព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គម និងមនុស្សជាតិរបស់យើង។

គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរសធម៌ និងការចូលរួមលើសកម្មភាពសង្គមនានា របស់វីតាល់ អាចកើតឡើងមានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាននៃការរៀបចំ និងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមនៅតាមស្ថាប័នសុខាភិបាលនានា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner