សហគ្រិនខ្មែរគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន១៤ ដើម្បីពន្លឿនការពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ
ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយបច្ចេកទេសដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលមានសក្ដានុពលខ្ពស់។ ពិធីនេះត្រូវបានប្រព្រឹត្ដទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។
កញ្ចប់ជំនួយបច្ចេកទេសនេះមានគោលបំណង ផ្ដល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គអាជីវកម្ម, ពង្រីកទៅទីផ្សារថ្មី និងពង្រឹងសមត្ថភាព ក្នុងទំនាក់ទំនង ជាមួយវិនិយោគិន។ កម្មវិធីទាំងបីនេះត្រូវបានគាំទ្រជាថវិកាដោយសហគ្រិនខ្មែរ, ប្រទេសអូស្រ្ដាលីតាមរយៈកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), ទីភ្នាក់ស្វីសសម្រាប់ ការអភិវឌ្ឍ និងសហប្រតិបត្ដិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ កម្មវិធីទាំង នេះត្រូវបានអនុវត្ដច្រើនជាងពីរឆ្នាំ ដោយមានកិច្ចសហការអនុវត្ដដោយសហគ្រិនខ្មែរ, CAPRED និងអង្គការ ស្វីសខន់ថាក់ (SwissContact Cambodia)។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “ជាផ្នែកមួយនៃយន្ដការចំគោលដៅ ដើម្បីពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព សហគ្រិនខ្មែរសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ក្នុងការផ្ដល់ការគាំទ្រជាក់ស្ដែង និងទាន់ពេលវេលា។ គោលដៅរបស់សហគ្រិនខ្មែរ គឺពង្រឹងលទ្ធភាពចូលទីផ្សារ និងសមត្ថភាពរបស់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូចនិងមធ្យម តាមរយៈកញ្ចប់ជំនួយបច្ចេកទេស ដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្ម និងទាក់ទាញទុនវិនិយោគ។”
តាមរយៈមូលនិធិនវានុវត្តន៍ចំណីអាហារ និងមានកិច្ចសហការជាមួយ CAPRED សហគ្រិនខ្មែរបានផ្តល់ជំនួយ បច្ចេកទេស ដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យចំណីអាហារ។ ការគាំទ្រ នេះរួមមានការអភិវឌ្ឍផលិតផលថ្មី, ការអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងការពង្រីកទីផ្សារ តាមរយៈការចូលប្រើសេវាកម្មចំណីអាហារ និងបច្ចេកវិទ្យា ជាច្រើន រួមទាំងការកែច្នៃចំណីអាហារ, ដំណោះស្រាយ បច្ចេកវិទ្យា, ព័ត៌មានទីផ្សារ, ការបង្កើតម៉ាក និងការវេចខ្ចប់។
បន្ថែមពីនេះ សហគ្រិនខ្មែរគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងភាពរួចរាល់ សម្រាប់ការទាក់ទាញវិនិយោគតាមរយៈសេវាកម្មត្រួតពិនិត្យផ្នែកវិនិយោគ (Investment Due Diligence Service)។ សេវានេះជួយឱ្យសហគ្រាសអាចកំណត់តម្លៃអាជីវកម្មរបស់ខ្លួន, កំណត់ទម្រង់ទុនវិនិយោគសមរម្យ និងត្រឹមត្រូវ និងស្វែងរកចំណុចកែលម្អ ក្នុងការគ្រប់គ្រងអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំពេញ ចន្លោះរវាងវិនិយោគិន និងអាជីវកម្មដែលទទួលវិនិយោគ ដោយកាត់បន្ថយពេលវេលា, កិច្ចខិតខំប្រឹងប្រែង និងហានិភ័យ ដែលពាក់ព័ន្ធនឹងដំណើរការវិនិយោគ។



សហគ្រិនខ្មែរ ក៏ធ្វើការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅប្រទេសកម្ពុជា តាមរយៈគម្រោងធ្វើឱ្យប្រសើរ ឡើងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងវិនិយោគ (3Ei) ដោយមានកិច្ចសហការហិរញ្ញប្បទានដោយ SDC និង KOICA ព្រមទាំងសហការអនុវត្ដជាមួយអង្គការស្វីសខន់ថាក់។
លោក Christian Disler អនុប្រធាននៃ SDC នៅប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស ស្វីសក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា, ជំរុញលទ្ធផលអាជីវកម្ម និងទាក់ទាញការ វិនិយោគទៅកាន់បណ្ដុំធុរកិច្ចបង្កើតថ្មីដ៏រស់រវើក។ លោកមានប្រសាសន៍ថា “កិច្ចសហការជាមួយសហគ្រិនខ្មែរ តាមរយៈ 3Ei មានសារៈសំខាន់ក្នុងការសម្រេចបានគោលដៅទាំងនេះ។ អាជីវកម្មខ្នាតតូច និងកំពុងលូតលាស់ នៅប្រទេសកម្ពុជាដើរតួសំខាន់ ក្នុងការបង្កើតការងារសមរម្យ និងបង្កើតការផ្លាស់ប្ដូរសង្គមបែប វិជ្ជមាន។”
លោកស្រី Che Jungwon នាយិការរងនៃ KOICA ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “KOICA បាននឹងកំពុងគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា មកពីវិស័យ និងតំបន់ ផ្សេងៗ រាប់ពីធុរកិច្ចបង្កើតថ្មីបច្ចេកវិទ្យានៅតំបន់ប្រជុំជន រហូតដល់យុវជននៅតំបន់ជនបទក្នុងវិស័យកសិកម្ម និងពីវិស័យនវានុវត្ដន៍ឌីជីថល ដល់វិស័យបែបប្រពៃណី។ ក្នុងចំណោមគម្រោងជាច្រើន និងតាមរយៈ 3Ei, KOICA គាំទ្រធុរកិច្ចទាំងនោះឱ្យរួចរាល់ ក្នុងការទទួលទុនវិនិយោគ និងផ្សារភ្ជាប់ជាមួយវិនិយោគិន។ KOICA មានសេចក្ដី សោមនស្សរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ, SDC និងអង្គការស្វីសខន់ថាក់ ដើម្បីប្រែក្លាយការគាំទ្រ បែបយុទ្ធសាស្រ្ដ ទៅជាលទ្ធផលជាក់ស្ដែង សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ ”តាមរយៈគម្រោងនេះ ការគាំទ្រត្រូវបានផ្តល់ជូនដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើន ភាពរួចរាល់ ក្នុងការទទួលបានទុនវិនិយោគ ដោយផ្តោតលើផ្នែកសំខាន់ៗនៃអាជីវកម្មដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ, ការលក់ និងទីផ្សារ, យុទ្ធសាស្រ្តអាជីវកម្ម និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច។
លោកបណ្ឌិត Daniel Nugraha នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការស្វីសខន់ថាក់ មានប្រសាសន៍ថា “តាមរយៈ 3Ei ពួកយើងធ្វើការពង្រឹងធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយគាំទ្រធុរកិច្ច និងសហគ្រាសទាំងនោះបង្កើនភាពទាក់ទាញទៅដល់វិនិយោគិន ដែលផ្ដោតលើទាំងផលចំណេញផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់វិជ្ជមានផ្នែកសង្គមបរិស្ថានផងដែរ។”សហគ្រិនខ្មែរ ដែលជាថ្នាលជាតិ ផ្សារភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ជាមួយប្រតិបត្តិករ ទីផ្សារ និងវិនិយោគិន។ តួនាទីយុទ្ធសាស្ត្រ នេះមានគោលបំណងពង្រឹងអាជីវកម្មក្នុងស្រុក, កាត់បន្ថយការពឹងផ្អែក លើផលិតផលនាំចូល និងលើកកម្ពស់ការនាំចេញ ដោយចូលរួមបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមាន ភាពធន់ និងភាពប្រកួតប្រជែង៕ អត្ថបទ ៖ ឈឹម ទីណា




