ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអ្នកជំនាញរួមគ្នាចែករំលែកបទពិសោធពីការៀបចំ”សុសវែរ”ដើម្បីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ មុនឈានដល់ការផលិតប្រើប្រាស់
(ភ្នំពេញ)៖ ក្រុមមន្រ្តី និង អ្នកជំនាញបានរួមគ្នាធ្វើការចែករំលែកនូវបទពិសោធន៍ក៏ដូចជារួមគ្នារកដំណោះស្រាយក្នុង ការរៀបចំ សុសវែរ ពិនិត្យ អក្ខរាវិរុទ្ធភាសាខ្មែរ សំដៅយ៉ាងណារក្សាអត្តសញ្ញាណជាតិរបស់ខ្មែរ ក៏ដូចជាឈានដល់ការផលិតសុសវែរ ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ សម្រាប់ប្រើប្រាស់ទូទៅ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពី “បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ” នៅរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ គេឃើញមានការចូលរួមពីសំណាក់វាគ្មិនមានបទពិសោធន៍ខ្ពស់ ចំនួន ៤រូប ដូចជា លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក បានធ្វើបទបង្ហាញពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ។
លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ ដែលធ្វើបទបង្ហាញលើប្រធានបទ NextSpell : A Machine Learning Model for Khmer Spellchecking។លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ធ្វើបទបង្ហាញពី ការពិនិត្យអក្ខរាវិរុទ្ធខ្មែរ៖ បទពិសោធ បញ្ហាប្រឈម និងជំហានបន្ទាប់។
លោក សុខ មករា នាយកប្រតិបត្តិអង្គការភាសាវិទ្យាកម្ពុជា ដែលបានធ្វើបទបង្ហាញពី បញ្ហាពាក់ព័ន្ធនឹងការរៀបចំកម្មវិធីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ។
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានលើកឡើងថាភាសាជាតិយើងនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយពេញលេញរួចនៅឡើយ ហើយក្នុងនោះ អក្ខរាវិរុទ្ធ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់នៅថ្ងៃខាងមុខ។ កន្លងមក ក៏មានអ្នកស្រាវជ្រាវបានរៀបចំបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរដែលបាន ផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត មន្ត្រីរាជការ អ្នកប្រើប្រាស់ទូទៅ ក្នុងការស្វែងរកពាក្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការសរសេរពាក្យខ្មែរនីមួយៗឱ្យបានត្រឹមត្រូវ។
លើសពីនេះ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងពីគុណប្រយោជន៍ចំនួន៤ នៃសុខូបករណ៍ មានដូចជាទី១៖ ការកែលម្អទំនាក់ទំនងជាមួយអ្នកដទៃដោយហេតុថា អក្ខរាវិរុទ្ធត្រឹមត្រូវធ្វើឱ្យភាសាមានភាពច្បាស់លាស់ និងវិជ្ជាជីវៈចៀសវាងការភាន់ច្រឡំ ទី២៖ សន្សំសំចៃពេលវេលា មិនចាំបាច់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធដោយភ្នែកច្រើនដង ទី៣៖ ជាជំនួយក្នុងការរៀនភាសា ដោយសុសវែរនេះបានបង្ហាញពាក្យដែលសរសេរខុស និងស្នើពាក្យដែលត្រូវជំនួសវិញ និងទី៤ ៖ ជួយកាត់បន្ថយកំហុសដោយអចេតនាក្នុងការសរសេរខុសអក្ខរាវិរុទ្ធពេលប្រញាប់ប្រញាល់ ។
ទាក់ទិនទៅនឹងកង្វះខាតទាំងនេះ លោកបណ្ឌិត ហ៊ាន សុខុម គូសបញ្ជាក់ឱ្យដឹងដែរថា ចំណុចនេះនៅតែមានឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនកើតឡើង។ ហេតុនេះ ទើបបង្កើតឱ្យមានសិក្ខាសាលានេះឡើងមក ដើម្បីជាការពិភាក្សាចូលរួមមតិ ដើម្បីរកធាតុចូលក្នុងការឈានទៅដល់ការផលិតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមានភាពងាយស្រួល និងល្អប្រសើរសម្រាប់ប្រើប្រាស់ពេលខាងមុខ ៕





ដោយ ៖ ម៉ាដេប៉ូ