ក្រសួងក្រសួងវប្បធម៌ និងក្រសួងអប់រំជជែកពិភាក្សាគ្នារឿងទស្សនីយ៍ភាពក្នុងពិធីទទួលទង់នៅប៉ារ៉ែន
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជនិងកីឡា និងមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៥ បានជួបជជែកពិភាក្សាគ្នាលើ រឿងនាំយកទស្សនីយ៍ភាពសិល្បៈខ្មែរទៅសម្តែង ក្នុងពិធីទទួលទង់បន្តវេនរៀបចំការប្រកួតកីឡាយុវជនអូឡាំពិកយុវជនអាស៊ីពីប្រទេសប៉ារ៉ែនមករៀបចំក្នុងឆ្នាំ២០២៩នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ការជួបជជែកពិភាក្សាគ្នារវាងក្រសួងអប់រំ និងក្រសួងវប្បធម៌នាពេលនេះ គឺបានផ្តោតលើ២ចំណុចសំខាន់ៗ ទី១-ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ដែលជាសារត្រូវបង្ហាញតាមរយៈទស្សនីយ៍ភាព ដែលត្រូវសម្ដែងអបអរសាទរពិធីទទួលទង់កីឡាយុវជនអាស៊ី ក៏ដូចជាការស្វាគមន៍ប្រតិភូបណ្ដាប្រទេសក្នុងទ្វីបអាស៊ី មកកាន់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ដវេនពីប្រទេសបារ៉ែន នាឆ្នាំ២០២៩ និងទី២ គឺការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ រវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ទស្សនីយ៍ភាព និងខ្លឹមសារសំខាន់ៗ ដែលត្រូវត្រៀមរៀបចំ ទី១-ការបង្ហាញនូវវប្បធម៌ជាតិរបស់យើង, ទី២-ការបង្ហាញនូវទេសចរណ៍ ដែលជាលក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង និងទី៣-ពាក់ព័ន្ធនឹងកីឡា ហើយកីឡានេះ ទាក់ទងនឹងកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ។
នេះគឺជាខ្លឹមសាររួម ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រៀមរៀបចំនូវការសម្ដែងរយៈពេល ១០នាទីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ជាមួយគ្នាក្រសួងអប់រំ ក៏ត្រៀមធ្វើការស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមរៀបចំនូវពិធីដង្ហែទង់ បន្ទាប់ពីប្រតិភូនាំទង់កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ត្រឡប់មកដល់ប្រទេសកម្ពុជា ពោលគឺក្រោយពិធីប្រគល់ និងទទួលទង់នៅថ្ងៃទី៣១ ខែតុលា ឲ្យបានអធិកអធម នៅរាជធានីភ្នំពេញ ដូចកាលពីពិធីដង្ហែទង់ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការត្រៀមលក្ខណៈរួចរាល់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះផងដែរ។
សម្រាប់ការជជែកពិភាក្សាគ្នា នាព្រឹកមិញនេះ ភាគីក្រសួងអប់រំយុវជន និងកីឡា មានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈភាគីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ដោយកម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡាចូលរួម ក្នុងនោះមានសហព័ន្ធកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ