ចិនកាន់បៀធំ ៥ សន្លឹកក្នុងដៃ ទុកច្បាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក
ប៉េកាំង ៖ ប្រទេសចិនកំពុងកាន់សន្លឹកបៀធំៗចំនួន ៥ សន្លឹកនៅក្នុងដៃ ទុកច្បាំងនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងពេលវេលាសំខាន់។ ការនាំចេញរបស់ចិនទៅអាមេរិកបានប្រឈមមុខនឹងពន្ធ ១៤៥% ហើយទំនិញខ្លះឡើងរហូតដល់ ២៤៥% ចំណែកចិនសងសឹកវិញជាមួយពន្ធ ១២៥% លើការនាំចូលអាមេរិក។
ផ្អែកតាមសេចក្តីរាយការណ៍របស់ BBC ឥឡូវនេះចិនកំពុងតែកាន់សន្លឹកបៀធំៗចំនួន ៥ សន្លឹកនៅក្នុងដៃ ដើម្បីទប់ទល់នឹងការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ សន្លឹកបៀធំទី១ ៖ ចិនមានសម្ថភាពទប់ទល់ការឈឺចាប់ផ្នែកពាណិជ្ជកម្មបាន។
ចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក មានន័យថា ចិនអាចស្រូបយកផលប៉ះពាល់នៃពន្ធបានល្អជាងប្រទេសតូចៗដទៃទៀត។ សន្លឹកបៀធំទី២ ៖ ចិនកំពុងវិនិយោគនាពេលអនាគត ព្រោះទីក្រុងប៉េកាំងត្រូវបានគេទទួលស្គាល់ថា ជារោងចក្រពិភពលោក ហើយកំពុងចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីក្លាយជារោងចក្រទំនើបដាច់គេ។
សន្លឹកបៀធំទី៣ ៖ ចិនបានទទួលមេរៀនពីអាណត្តិទី១ របស់លោកប្រធានាធិបតី Trump ដោយចាប់តាំងពីពន្ធរបស់លោក Trump បានប៉ះពាល់ដល់បន្ទះសូឡារបស់ចិនកាលឆ្នាំ ២០១៨ ទីក្រុងប៉េកាំងបានពន្លឿនផែនការរបស់ខ្លួនសម្រាប់អនាគតលើសពីសណ្ដាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយអាមេរិក។
សន្លឹកបៀធំទី៤ ៖ ឥឡូវនេះ ចិនដឹងថា លោកប្រធានាធិបតី Trump នឹងដកថយ។ លោក Trump បានប្រខ្ជាប់ជំហរពន្ធយ៉ាងតឹងរឹងកាលពីដើមខែមេសា ប៉ុន្តែឥឡូវ មេដឹកនាំអាមេរិករូបនេះបានកែប្រែ ដោយផ្អាកភាគច្រើននៃពន្ធបដិការ ៩០ ថ្ងៃ បន្ទាប់ពីការសម្រុកលក់បណ្ណបំណុលរដ្ឋាភិបាលអាមេរិក។
សន្លឹកបៀធំចុងក្រោយរបស់ចិន គឺរ៉ែកម្រ ដោយសារចិនកំពុងខិតជិតភាពផ្តាច់មុខ ក្នុងការទាញយក និងចម្រាញ់រ៉ែកម្រ ដែលជាលោហៈធាតុសំខាន់ៗជាច្រើន សម្រាប់ការផលិតបច្ចេកវិទ្យាទំនើប ហើយនោះជាអ្វីដែលអាមេរិកប្រាថ្នាចង់បានយ៉ាងខ្លាំង៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា