ក្នុងខែមេសានេះមន្ត្រីចំនួន ១៧២ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងមានពាក្យប្តឹងសរុបចំនួន៤៤
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថាក្នុងខែមេសា ឆ្នាំ២០២៥នេះអង្គភាពប្រឆាំងអំពើពុករលួយ មានមន្ត្រីចំនួន ១៧២ រូប បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុល និងសម្រាប់ពាក្យប្តឹងវិញមានសរុបចំនួន៤៤ផងដែរ។
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ថាមានមន្ត្រីចំនួន ១៧២ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំង ថ្មីចំនួន ១៣១រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៩ រូបទៀតបានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
អ្នកនាំពាក្យក៏បានឲ្យដឹងដែរថា ក្នុងខែមេសានេះអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៤៤ ពាក្យប្ដឹង។ ដោយឡែកមានពាក្យប្ដឹងចំនួន២ ដែលសាលាដំបូងខេត្តសៀមរាប (ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីជា និង ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់) និងសាលា ដំបូងខេត្តតាកែវ (ករណីមន្ត្រី ដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន) បានបញ្ជូនមក អ.ប.ព. សមត្ថកិច្ច។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋខេត្ត យូណាន ដែលដឹកនាំដោយ លោក Lei Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូ ណាន ដែលអមដំណើរដោយប្រតិភូ០៤រូប។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង (១)-បង្កើនការចែក រំលែកបទពិសោធន៍រវាងស្ថាប័នទាំងពីរ លើការងារអភិបាលកិច្ច និងនវានុវត្តន៍ប្រព័ន្ធគ្រប់គ្រង (២)-ពង្រឹង យន្តការកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងនាយកដ្ឋានពាក់ព័ន្ធ លើការងារស៊ើបអង្កេតករណីពុករលួយឆ្លង ដែន និងការងារបណ្តុះបណ្តាលមន្ត្រីជំនាញ (៣)-ជំរុញការរៀបចំគម្រោងការកសាងស្អាតស្អំ នៃគំនិត ផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” (៤)-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មួយចំនួនផ្សេងទៀត៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ហេងសម្បត្តិ






