ក្រុមការងារក្រសួងបរិស្ថានចាត់វិធានការច្បាប់លើក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ដែលបញ្ចេញទឹកកខ្វក់ ដោយពុំមានអាងប្រព្រឹត្តិកម្មចូលស្ទឹងព្រែកត្នោត
(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល បានរកឃើញថា សិប្បកម្មកែច្នៃដំណាប់ស្វាយ របស់ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ បន្ទាប់មកក្រុមហ៊ុនបានបង្ហូរសំណល់រាវ ចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈទុយោបង្កប់ក្រោមដី ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុន មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ ជាមួយគ្នានេះ ក្រុមការងារ បានយកសំណាកទឹកចំនួន២កន្លែង នៅចុងទុយោជាប់មាត់ព្រែកត្នោត ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។
ក្រុមការងារបានចាត់វិធានការច្បាប់ ស្របតាមសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល ចំពោះក្រុមហ៊ុន ក្នុងនោះ ទី១ ក្រសួងបរិស្ថានផ្អាករាល់ការចេញលិខិតអនុញ្ញាតផ្នែកបរិស្ថានជូនទៅក្រុមហ៊ុន ទី២ ប្រសិនបើក្រុមហ៊ុនមិនធ្វើការកែប្រែ និងសាសង់អាងប្រព្រឹត្តិកម្មសំណល់រាវ ក្រសួងនឹងផ្អាកផ្នែកផលិតកម្មរបស់រោងចក្រ ហើយករណីដែលក្រុមហ៊ុនអនុវត្តចំណុចទី១ និងទី២ នៅក្រសួងបរិស្ថាននឹងផ្អាករោងចក្រតែម្តង។
បន្ថែមពីនេះ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ អនុក្រឹត្យលេខ២៧ អនក្រ.បក ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ក្រុមការងារបានដាក់បញ្ហាឱ្យក្រុមហ៊ុនអនុវត្តច្បាប់ដូចតទៅ៖
- ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រភពទឹកសាធារណៈចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះតទៅ និងត្រូវធ្វើការកាត់ផ្តាច់ទុយោនៅខាងមុខក្រុមហ៊ុន
- ធ្វើការរុះរើទុយោបង្កប់ចេញឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាកំហិត និងស្នើដល់អាជ្ញាធរមូលដ្ឋាន តាមដានការអនុវត្តរបស់ក្រុមហ៊ុន
- ធ្វើការផាកពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក
- ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុនផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា២៨៧
- នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្ដល់សេវាដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន។
- ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យ បរិស្ថានផ្សេងទៀត យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា៦៥០
- ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈ អនុលោមតាមមាត្រា១៦២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
- ត្រូវធ្វើការស្ដារស្ទឹងព្រែកត្នោតដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរទ្បើងវិញ អនុលោមតាមមាត្រា៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ជាមួយការរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុននាពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់ក្រុមហ៊ុន មានការប្រុងប្រយ័ត្ន ចំពោះការបរិភគទឹកស្ទឹង ដែលមិនបានចំអិនឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងលើបញ្ហាសុខភាព៕
ដោយ ង៉ាន់ ទិត្យ








