អាជ្ញាធរ និងមន្ត្រីជំនាញ រកដំណោះស្រាយទឹកស្អាតប្រើប្រាស់ជូនពលរដ្ឋនៅស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)÷ អាជ្ញាធរនិងមន្ត្រីជំនាញប្រជុំរកដំណោះស្រាយទឹកស្អាតប្រើប្រាស់ជូនពលរដ្ឋនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបើទោះជាស្ថិតក្នុងរដូវភ្លៀងធ្លាក់ក្ដី។កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ។

លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមើលឃើញបងប្អូនរស់នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី កំពុងប្រឈមកង្វះទឹកស្អាតប្រើប្រាស់ អាជ្ញាធរ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារមន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី និងក្រុមហ៊ុនផលិតទឹកស្អាតចំនួន៣ ក្រុមហ៊ុននៅខេត្តបន្ទាយមានជ័យ បានប្រជុំរកដំណោះស្រាយទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋជាបន្ទាន់ចំពោះមុខ បើទោះជាពេលនេះស្ថិតក្នុងរដូវភ្លៀងធ្លាក់ក៏ពិតមែន ប៉ុន្តែរបាយទឹកភ្លៀងធ្លាក់មកមិនគ្រប់គ្រាន់ដែលបានធ្វើឲ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឈានទៅរកការប្រឈមខ្វះទឹកប្រើប្រាស់ ដែលក្នុងនោះមានឃុំឬស្សីក្រោក មុនគេកំពុងខ្វះទឹកស្អាតប្រើប្រាស់ ។

លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ឃុំឬស្សីក្រោក ធំជាងគេនៅស្រុកមង្គលបូរី បានប្រឈមកង្វះទឹកស្អាតប្រើប្រាស់ចំនួនបួនថ្ងៃមកហើយគិតចាប់ពីថ្ងៃទី២០ មកទល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយសារបរិមាណទឹកផលិតទឹកស្អាតមិនគ្រប់គ្រាន់ការផលិតនេះបើតាមក្រុមហ៊ុនទឹកស្អាតស្រុកមង្គលបូរីបានឲ្យដឹង។

ចំណែក លោកឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំនេះ ក្រុមហ៊ុនផលិតទឹកស្អាតចំនួន៣ ក្រុមហ៊ុន បានឯកភាពគ្នាទៅតាមអនុសាស្រ្តរបស់លោកអភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានអង្គប្រជុំ គឺ ខាងក្រុមហ៊ុនទឹកស្អាតបន្ទាយនាង ស្រុកមង្គលបូរី និងក្រុមហ៊ុនទឹកស្អាតខេត្តបន្ទាយមានជ័យ រួមគ្នាភ្ជាប់ប្រព័ន្ធទឹកស្អាតជាមួយក្រុមហ៊ុនផលិតទឹកស្អាតមង្គលបូរី ដើម្បីមានទឹកស្អាតឲ្យប្រជាពលរដ្ឋឃុំឬស្សីក្រោក ក៏ដូចជាស្រុកមង្គលបូរីមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ ។

សូមបញ្ញាក់ផងដែរថា កំឡុងពេល ៤ថ្ងៃជួបបញ្ហាកង្វះទឹកស្អាតប្រើនេះ អាជ្ញាធរ មន្ត្រីរាជការ និងកងកម្លាំងទាំបីបានរួមគ្នាដឹកទឹកចុះចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងឃុំឬស្សីក្រោក បានប្រើប្រាស់ផងដែរ ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner